អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារ​សន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងពិធីបិទការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៩

 

រាជធានីភ្នំពេញ៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមទស្សនាព្រឹត្តិការណ៍កីឡាដ៏សំខាន់ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ពង្រាយកម្លាំងចូលរួមការពារ សន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងត្រៀមអន្តរាគមន៍សង្គ្រោះបន្ទាន់ ក្នុងពិធីបិទការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥-២០២៦ (ថ្នាក់ជាតិ)។

សកម្មភាពនេះ បានប្រព្រឹត្តទៅនៅ ពហុកីឡដ្ឋានជាតិ មរតកតេជោ នាថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តភារកិច្ចយ៉ាងយកចិត្តទុកដាក់ ក្នុងការសម្របសម្រួលចរាចរណ៍ រក្សារបៀបរៀបរយ ការពារសុវត្ថិភាព និងត្រៀមជួយអន្តរាគមន៍ភ្លាមៗ ក្នុងករណីមានហេតុការណ៍បន្ទាន់ផ្សេងៗ។

ការចូលរួមបំពេញបេសកកម្មរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឱកាសនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបម្រើប្រជាពលរដ្ឋ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍កីឡាជាតិមួយនេះ ប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងជោគជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *